ពលរដ្ឋ​ជាង​១០០​នាក់​តវ៉ា​ឱ្យ​មេ​ឃុំ​ភ្នំលៀប​ផ្តល់​ដី​ព្រៃ​លិច​ទឹក​ជាង​​១០០​ហិកតា​មក​សហ​គមន៍​វិញ

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រមាណ១០០នាក់ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាជាថ្មី ទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយ​ ​ដោយ​​​​ផ្តល់​ដីព្រៃ​លិច​ទឹក​ទំហំ​ជាង១០០​ហិកតាទៅឱ្យ​សហគមន៍ប្រើប្រាស់វិញ បន្ទាប់ពីពួកគេបានចោទ​អាជ្ញាធរ​មូល​ដ្ឋាន​ថា​បាន​លួច​លក់​​ទៅឱ្យ​​ឈ្មួញ។​ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋប្រមាណ១០០នាក់ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាជាថ្មី ទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយ​ ​ដោយ​​​​ផ្តល់​ដីព្រៃ​លិច​ទឹក​ទំហំ​ជាង១០០​ហិកតាទៅឱ្យ​សហគមន៍ប្រើប្រាស់វិញ បន្ទាប់ពីពួកគេបានចោទ​អាជ្ញាធរ​មូល​ដ្ឋាន​ថា​បាន​លួច​លក់​​ទៅឱ្យ​​ឈ្មួញ។​

លោក ឆាយ លឿ ដែលអះអាងថាជាតំណាងសហគមន៍«កំបោរ» នៅឃុំភ្នំលៀប ឱ្យដឹងថា មូល​ហេតុដែលប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅថ្ងៃនេះ គឺចង់បង្ហាញសារទៅអាជ្ញាធរនិងភាគី​​ពាក់​​​​ព័ន្ធ​​ផ្សេងទៀតឱ្យ​ចេញមុខដោះស្រាយនិងប្រគល់ដីនេះ​មកឱ្យ​​សហគមន៍ប្រើប្រាស់​​វិញ។​​

លោកបន្តថា៖ «បើមិនឱ្យ មានតែបន្តទាមទារតទៅទៀតហើយ! អត់មាន​​ឈរ​​នៅ​​ស្ងៀមបានទេ! បើឈរនៅស្ងៀមបានន័យថា យើងចុះចាញ់ពួកអ្នកមានអំណាចហើយ»។

បើតាមតំណាងសហគមន៍រូបនេះ ដីព្រៃលិចទឹកនៅតំបន់២នេះជាជម្រកត្រីពងកូន និង​មាន​ជីវ​ចម្រុះគ្រប់​ប្រភេទ ដែលបង្កលក្ខណៈងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​អាចនេសាទ​ជា​លក្ខណៈ​គ្រួ​សារ​ស្ទើរគ្រប់រដូវកាល។ លោក​បន្តថា ដីព្រៃលិចទឹកដែលមានទំហំរាប់រយ​ហិកតានេះដែរ ក៏ជា​តំបន់ហាមឃាត់ និងអភិរក្សដោយ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ហ៊ាន ហាន់ ជាពលរដ្ឋ​ម្នាក់ទៀត​រស់​នៅភូមិកំបោរ ឃុំភ្នំលៀប ឱ្យដឹងដែរថា ប្រជាពលរដ្ឋ​​នៅ​​តំ​​បន់នោះបាន​​រស់នៅដោយពឹងអាស្រ័យផលនេសាទជាប្រចាំនៅតំបន់​ព្រៃលិច​ទឹក​នោះ ហើយ​​​ផលនេសាទ​​ដែល​​​​​ពួកគាត់​រកបាន ក្រៅពីអាចផ្គត់​ផ្គង់ជីវភាពប្រចាំថ្ងៃហើយ មួយ​​ផ្នែកទៀត​ក៏​​​អាច​​យកទៅលក់ដូរនិងបង្កើនប្រាក់ចំណូល​​នៅក្នុងគ្រួសារផងដែរ។

ប៉ុន្តែលោកថា ដីព្រៃលិចទឹក​នេះត្រូវបានអាជ្ញាធរ​​ឈូ​​ស​​​​​​ឆាយ​​តាំងពីឆ្នាំ២០១៩មកម៉្លេះ។

ស្ថិតក្នុងវ័យប្រមាណ៥០ឆ្នាំ បុរសរូបនេះបន្តថា៖ «នេះជាដី​​របស់​​សហគមន៍! ដីព្រៃពីដើមមិញទាំងអស់។ តាំងពីអាណត្តិមុនៗ គ្មានអ្នក​ណាហ៊ានប៉ះពាល់ បងប្អូនការពារបានទាំងអស់ ទើបមកអាណត្តិនេះ មេឃុំក្រោយនេះ»។

នៅក្នុងពាក្យបណ្តឹងដែលមានស្នាម​មេដៃប្រជាពលរដ្ឋជាង៨០០នាក់ តំណាងឱ្យប្រជាពល​​រដ្ឋ​​ចំនួន​​៦ភូមិ ដូចជា ភូមិកំបោរ ភូមិកណ្តោល និងភូមិអន្លង់សាន ជាដើម បានរៀបរាប់ថា ចាប់តាំង​​ពីលោក អែម ណុយ ឡើងជាមេឃុំនៅ​ឆ្នាំ២០១៧​មក មេឃុំរូបនេះ​បាននាំគូកនចូលទន្រ្ទានដីរដ្ឋនិង​ឈូស​​​​ឆាយ​​ដីព្រៃលិចទឹកអស់រាប់រយហិកតា។

ក្នុង​ពាក្យបណ្តឹងនោះ ពលរដ្ឋបានលើកឡើង​បន្តថា មិនតែប៉ុណ្ណោះ សូម្បីដីនៅ​​សល់ក្បែរ​​ក្បាល​​​​ស្ពាននិងដីសហគមន៍ភូមិកំបោរ ក៏មេឃុំបន្តលក់បន្ថែមទៀតដែរ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី មានប្រសាសន៍ថា ​​​​អាជ្ញាធរខេត្តបានឃើញព័ត៌មានស្តីពីការទន្រ្ទានដីព្រៃលិចទឹកនេះ ហើយនឹង​​​ចុះដោះ​ស្រាយ​​ក្នុងពេលឆាប់ៗ។

លោកបន្ត​​ថា៖ «គ្រាន់តែឃើញ​​ប្រជាពលរដ្ឋបង្ហោះ!​​ ហើយ​​​ឥ​​លូវ​​​​​​​នេះ ខេត្តកំពុងឱ្យអន្តរវិស័យទៅចុះពិនិត្យ​ជាមួយនឹងកម្លាំងកងកម្លាំងប្រដាប់អាវុធនិង​​ជំ​​នា​ញ​​​​។ ​​ចាំ​​មើលប្រហែលស្អែកអីអាចទទួលបានព័ត៌មានហ្នឹង»។

វីអូឌី មិនអាចស្នើសុំការ​បញ្ជាក់បន្ថែមពីលោក អែម ណុយ មេឃុំភ្នំលៀប និងលោក ឃូ ពៅ អភិ​​បាល​​​ស្រុកព្រះនេត្រព្រះ ដែលរងការចោទប្រកាន់ពីពលរដ្ឋ​​បានទេ នៅថ្ងៃនេះ។

ប៉ុន្តែមេឃុំនិងអភិបាលស្រុកព្រះនេត្រព្រះ បាន​អះអាងដូចៗគ្នាកាលពីថ្ងៃទី១៣ ខែ​កក្កដា​នេះ​ថា ពួកគា​ត់មិនមាន​ជាប់ពាក់​​ព័ន្ធនឹងការលក់​ដី​​ព្រៃ​លិច​​នេះ​​ទេ​​។

អ្នកសម្របសម្រួលសមាគម​ការពារសិទ្ធិមនុស្សអាដហុក ​ប្រចាំខេត្តបន្ទាយមានជ័យ ​​លោក ស៊ុំ ចន្ទគា ដែលឃ្លាំមើលករណីនេះ​ អះអាងថា ដីព្រៃលិចទឹករាប់រយហិកតានេះពិតជាត្រូវបានឈូសឆាយដើម្បីធ្វើអាជីវកម្មទិញលក់ពិត​​ប្រាក​ដមែន។

លោ​​កបន្តថា ប្រសិនបើរដ្ឋ​នៅតែបន្តបណ្តែតបណ្តោយឱ្យមន្រ្តីនៅថ្នាក់ក្រោម​​ធ្វើបែប​​​​​​​​​​​​នេះ​​​ទៀត ហើយជឿលើតែរបាយការណ៍ នោះធនធានធម្មជាតិនឹងត្រូវបាត់បង់គ្មាន​​សេសសល់​​នោះ​​ឡើយ​​ ហើយអ្នកបន្តរងគ្រោះគឺពលរដ្ឋ។

លោកបន្ត​​ថា៖ «ចំណុចនៃការឈូស​​ឆាយហ្នឹង ​​យើង​​ឃើញ​​មាន​​ដើមភ្នំភ្លេង និងរុក្ខជាតិអីផ្សេងៗហ្នឹង គឺដុះឡើងវិញអស់ហើយ តែដើមខ្ទម និងដើមរាំង​​អី​​ហ្នឹង​​ បាត់អស់ហើយ។ ​​ប៉ុន្តែដើមអញ្ចាញ និងដើមរាំង ព្រមទាំងរុក្ខជាតិតូចៗបានដុះវិញ​​លិច​​ក្បាល​​លិចខ្លួនអីវិញហើយ ជាព្រៃក្រាស់វិញ។ អ៊ីចឹងហើយកន្លែងហ្នឹង គាត់បានបង្ហាញថា ពីមុនធំៗណាស់ ប៉ុន្តែដោយសារឈូសអស់ យកទៅលក់ឱ្យឈ្មួញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ